ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា
ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្នាក់ដឹកនាំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា នៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្តកំពង់ស្ពឺផងដែរ ។
លោកជំទាវ ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា ។ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ដ្រទូទាំងខេត្ដកំពង់ស្ពឺ សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយចំពោះព្រះមហាករុណាទិគុណ និងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែងប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សអធិកអធមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាង ចូល ៧៣ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី ព្រះឥន្ទ្រ ព្រះព្រហ្ម បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ក្នុងរាជសម្បត្តិប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្តរ៍។